2022 ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ នៅរាជធានីបាងកក

ចំនួនអ្នកទស្សនា: Views


នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់
 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានរំឭកឡើងវិញអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការរបស់ រូបឯកឧត្តមផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក អំពីការអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការបោះជំហានជាក់ស្តែងទៅមុខគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុង “ភាពជាដៃគូសន្តិភាព និងវិបុលភាព” និងបានចាត់ទុកថាដំណើរទស្សនកិច្ចលើកនេះ គឺជាសក្ខីភាពនៃការបន្តរក្សានូវទំនាក់ទំនងដ៏ល្អជាប្រពៃណី និងប្រកបដោយអត្ថន័យសម្រាប់កងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ ក៏កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទាំងក្នុងដំណាក់កាលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ និងដំណាក់កាលនៃការងើបឡើងវិញចេញពីវិបត្តិនេះ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សមភាគីទាំងពីរ បានវាយ

តម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននានា ដូចជា៖ ការកាប់ឈើខុសច្បាប់, ចរាចរណ៍គ្រឿងញៀន និងការជួញដូរមនុស្ស ក៏ដូចជាការរក្សាបាននូវទំនាក់ទំនងការងារជាប់ជាប្រចាំរវាងថ្នាក់យោធភូមិភាគ និងកិច្ចសហការផ្ទាល់រវាងអង្គភាពជួរមុខ ទោះបីក្នុងអំឡុងពេលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ។ សំខាន់ផងដែរនោះ នៅចំពោះមុខស្ថានការណ៍ជាយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗ កងកម្លាំងនៃប្រទេសទាំងពីរ តែងបានយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ មួយវិញទៀត សមភាគីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តខ្លឹមសារនៃ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-ToR” រវាងកងទ័ពជើងគោកទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅព្រះរាជាណាចក្រកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាក់

ស្តែងជាច្រើនលើការងារមួយចំនួន ជាអាទិ៍៖ ការផ្លាស់ប្តូរអ្នកជំនាញ, ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការលោតឆត្រមិត្តភាព និងការរៀបចំលំហាត់ហ្វឹកហ្វឺនរួម (Land Ex THACAM)។ សម្រាប់ទិសដៅទៅមុខ សមភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ ស្របទៅតាមខ្លឹមសារនៃ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR” រវាងកងទ័ពជើងគោកទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសជាតិទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

ឯកឧត្តម ខៀវ កាញារីទ្ធ ចង់ឱ្យអ្នកសារព័ត៌មានចិនប្រចាំនៅកម្ពុជាជួយផ្សាយពីភាពរីកចម្រើនរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views

    ឯកឧត្តម ខៀវ កាញារីទ្ធ ចង់ឱ្យអ្នកសារព័ត៌មានចិនទាំងអស់នៅកម្ពុជា ផ្សាយនូវអ្វី ដែលជាភាពវិជ្ជមានពិតប្រាកដនៅកម្ពុជា ដើម្បីបង្ហាញដល់អ្នកវិនិយោគទុនចិន ។ ការថ្លែងបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសទទួលជួបលោក តាំង ប៉ីងជាំង តូ នី អគ្គនាយកក្រុមហ៊ុនកោះថ្មី ថេកណូឡូជី និងជាអ្នកគ្រប់គ្រងសារព័ត៌មានត្នោត នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ។

 ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរពីភាពរីកចម្រើនរបស់សារព័ត៌មានត្នោត ហើយសារព័ត៌មាននេះ ក៏បានផ្សព្វផ្សាយព័ត៌មានល្អៗ នឹងបានបង្ហាញពីការពិត ដែលកម្ពុជាមាន មិនដូចការ ចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលតែងតែនិយាយអាក្រក់ពីកម្ពុជានោះទេ ។ 

ឯកឧត្តម ចង់ឱ្យអ្នក សារព័ត៌មានចិនទាំងអស់នៅកម្ពុជា ផ្សាយនូវអ្វីជាភាពវិជ្ជមានពិតប្រាកដដែលកម្ពុជាបានធ្វើ ដើម្បីបង្ហាញ ដល់អ្នកវិនិយោគទុនចិន បានដឹងកាន់តែច្បាស់នូវអ្វីដែលជាភាពពិតប្រាកដនៅកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា ប្រព័ន្ធផ្សាយរបស់ជាតិរបស់ក្រសួងព័មាននាពេលនេះ មានការផ្សាយ ជាភាសាចិន ភាសា បារាំង វៀតណាម អង់គ្លេស និងភាសាអារ៉ាប់ ។

 ដូច្នេះ អ្វីដែលសំខាន់ សម្រាប់សារព័ត៌មានត្នោតត្រូវធ្វើ ទៅមុខទៀត គឺផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែសម្បូរបែប។ លោក តូ នី បានបញ្ជាក់ពីគម្រោងផលិតជាឯកសារ ស្តីពីភាពរីកចម្រើន និងការអភិវឌ្ឍប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់ ដែលសារព័ត៌មានត្នោតចង់ធ្វើ គឺបង្ហាញគោលការណ៍ផ្តល់ព័ត៌មានពិត និងល្អៗ ឱ្យសហគ្រិន អ្នកវិនិយោគ និងប្រជាជនចិន បានយល់កាន់តែច្បាស់ ពីអ្វីដែលកម្ពុជាមាន និងកំពុងធ្វើ ព្រមទាំងជួយផ្សាយពីកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ ៕


រដ្ឋបាលរាជធានីជំរុញឱ្យអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ បន្តចលនាប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានលឿននិងគ្រប់គ្នា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យអភិបាល ខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ បន្តចលនាប្រជាពល រដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានលឿននិងគ្រប់គ្នាពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកម្រើកឡើងវិញ។ 


  លោក ហួត ហៃ  អភិបាល រងរាជធានីភ្នំពេញ តំណាងឱ្យឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២នៅសាលារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ជំងឺកូវីដ-១៩ ជាជំងឺរាតត្បាតដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជំងឺនេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ ។ ប៉ុន្តែដោយសារឥទ្ធិពលនៃការចាក់វ៉ាក់សាំងទើបមិនធ្វើឱ្យមនុស្សស្លាប់ច្រើននោះទេ។


 តាមរយៈនេះ លោកបានជំរុញដល់អភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតធ្វើយ៉ាងណា បន្តចលនាប្រជាពលរដ្ឋឱ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកម្រើកឡើងវិញ។ លោកបន្ត ជំរុញឱ្យអភិបាលខណ្ឌទាំង ១៤ ចុះស្រង់ស្ថិតិប្រជាពល រដ្ឋដែលចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ជាមួយនឹងការដាក់ផែនការចាក់វ៉ាក់សាំង ទៅ ដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀននិងដល់តាមរោងចក្រផងដែរ។   លោក ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖  នៅរាជធានីភ្នំពេញ ខណៈជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបាន


សម្រុកនាំគ្នាទៅទទួល ការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ នៅទីតាំងទាំង៤១ ដែលបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីយើងមានការផ្សព្វ ផ្សាយ និងរហូតដល់ក្រុមការ ងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាម ក៏ដោយ ដែលកិច្ចការងារនេះយើងត្រូវរួមគ្នា ដើម្បីធ្វើយ៉ាង ណាជំរុញឱ្យពួកគាត់ស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នា៕


សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឍប់ការផ្ដាច់មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ជាមួយបុរី រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views


នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។ សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹក ចិត្ត សមាជិក សមាជិកាទាំងអស់ ផ្លាស់ប្ដូរបទពិសោធន៍ លើការងារព័ត៌មាននិងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនា មហាជន បានលើកទឹកចិត្ត សមាជិក សមាជិកាទាំងអស់ ផ្លាស់ប្ដូរបទពិសោធន៍លើការ ងារព័ត៌មាននិងការផ្សព្វផ្សាយ មហាជនក្នុងបរិបទឌីជីថល ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យបានល្អប្រសើរ ។ ក្រោយពីបានស្តាប់នូវរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សានៃសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្ដូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល »នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នាវិមាន៧មករា ឯកឧត្តម ហ៊ុន ម៉ានី អគ្គ
លេខាធិការគណៈចលនាមហាជន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាជិក សមាជិកា ដែលបានធ្វើការពិភាក្សាយ៉ាងផុលផុសឈានដល់ការឯកភាពជាស្មារតីរួមគ្នា និងផ្តល់ជាធាតុចូលសំខាន់ៗ ជាច្រើនដល់អង្គសិក្ខាសាលាទាំងមូល។ ឯកឧត្តមក៏បានក្រើនរំលឹកនូវបទពិសោធន៍កន្លងមកដែលគណបក្សប្រជាជនបានឆ្លងកាត់ ដោយឯកឧត្តមបានលើកឡើងថា ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំ។ ជាមួយគ្នានេះ ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការ

ព័ត៌មាន និងបច្ចេកវិទ្យា ឯកឧត្តមបានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយ ដែលទាមទារការធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។ ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរកវិធីសាស្ដ្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានដែល មានហេតុមានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូល

ដ្ឋានរៀងៗខ្លួន។ សូមជម្រាបជូនថា ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯពិធីបិទ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា៕


បិទការប្រកួតពាន់រង្វាន់បាល់ទាត់សិស្សវិទ្យាល័យទាំង៤ រដូវកាលទី៣ នៅស្រុកស្ទោង

ចំនួនអ្នកទស្សនា: Views

   



កំពង់ធំ: ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈរ ស៊ុនហុង ទីប្រឹក្សាក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងឯកឧត្តម យឹម លាត តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានវង្វាន់បាល់ទាត់សិស្សវិទ្យាល័យទាំង៤ រដូវកាលទី៣ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមយឹម លាតតំណាងរាស្ត្រមណ្ឌលកំពង់ធំ ។ ឯកឧត្តម ឈរ ស៊ុនហុង មានប្រសាសន៍ថា ឯកឧត្តម យឹម លាត ផ្តួចផ្តើមគំនិតនេះឡើងព្រោះថា កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីគ្នា មានភាពទំនាក់ទំនងពីគ្នាទៅវិញទៅមក ព្រមទាំងឱ្យសិស្សានុសិស្ស ចៀសឱ្យឆ្ងាយពី
គ្រឿងញៀន ។ ឯកឧត្តម បានណែនាំ ឱ្យកីឡាករគ្រប់ៗរូប ត្រូវបង្កើនការសិក្សារៀនសូត្រឱ្យបានទ្វេដង ទាំងនៅក្នុងថ្នាក់រៀននៅតាមផ្ទះរៀងៗខ្លួន ក៏ដូចជាការសិក្សាតាមប្រព័ន្ធឌីជីថលជាដើម ដើម្បីទទួលបាននូវលទ្ធផលការប្រឡងមានលក្ខណៈល្អប្រសើរគ្រប់ៗគ្នា។ ឯកឧត្តម បញ្ជាក់ថា វិស័យកីឡា ជាវិស័យមួយដែលសាលារៀនទាំងអស់ បានផ្សាភ្ជាប់នឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានពេលវេលាហាត់ ដើម្បីឱ្យសុខភាពរល្អ រឹងមាំ និងមានប្រាជ្ញាឆ្លាតវៃផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមកីឡា និងសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រឱ្យបានទៀងទាត់ ស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ ព្រោះគាត់ជាឪពុកម្ដាយទី២របស់យើងទាំងអស់គ្នា។ សូមចូលរួមគោរព

ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឱ្យរួចផុតពីការគ្រោះថ្នាក់ និងការបាត់បង់ដល់អាយុជីវិត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំង មូល។ គួរបញ្ជាក់ផងដែរថា ក្រោយពីប្រកួតយ៉ាងស្វិតស្វាញ តាមលក្ខណៈបច្ចេកទេសអស់ រយៈពេល២ថ្ងៃ ក្រុមសិស្សវិទ្យាល័យ រស្មីសោភ័ណ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានពាន់រង្វាន់លេខ១ និងទឹកប្រាក់លើកទឹកចិត្តចំនួន ១,៣លានរៀល ក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន រុងរឿង ទទួលបានចំណាត់

ថ្នាក់លេខ២ ទទួលបានទង់១ មេដាយ១ និងថវិកាលើកទឹកចិត្តចំនួន ៩៩ម៉ឺនរៀល ក្រុមសិស្សវិទ្យាល័យហ៊ុន សែន ចំណាលើ ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានទង់១ មេដាយ១ និងថវិកាលើកទឹកចិត្តចំនួន ៨០ម៉ឺនរៀល និងក្រុមសិស្សវិទ្យាល័យជា ស៊ីម ប្រឡាយ ទទួលបានចំណាត់ថ្នាក់លេខ៤ ទទួលបានទង់១ មេដាយ១ ព្រមទាំងថវិកាលើកទឹកចិត្តចំនួន ៧៣ម៉ឺនរៀល ៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ dara

ប្រទេសរូម៉ានីសន្យាសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃទៅលើវិស័យសន្តិសុខសាយប័រ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ:ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ក្នុងអំឡុងពេលនៃកិច្ចប្រជុំកាលពីពេលថ្មីៗនេះជាមួយអាជ្ញាធរថៃក្នុងទីក្រុងបាងកក ប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) របស់ប្រទេសរូម៉ានី បានប្តេជ្ញាថានឹងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃទៅលើវិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ។ 
 យោងតាមលោក ណេវីន ចូចៃយ៉ាធីប ជំនួយការរដ្ឋមន្ត្រីក្រសួង DES បានឱ្យដឹងថា លោក សាប៊ីន សារម៉ាស់ ប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនងនៃសភាតំណាងរាស្រ្តរូម៉ានី បានសម្តែងកាយវិការដ៏មានសមានចិត្តនេះ។ លោក ស៊ូប៉ូត ទៀរ៉ាវុធ ប្រធាន និងជានាយកប្រតិបត្តិនៃទីភ្នាក់ងារអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងជាឧត្តមមន្ត្រីមួយរូបនៃក្រុមការងារ ក៏មានវត្តមានក្នុងជំនួបនោះដែរ។ លោក សារម៉ាស់ ដែលត្រូវបានអមដំណើរដោយលោក បកឌែន បាដៀ ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំនៅប្រទេសថៃនៅក្នុងកិច្ចប្រជុំនោះ គឺជាប្រធានដែលត្រូវបានចាត់តាំងសម្រាប់សន្និសីទ ITU ពេញសមត្ថភាពឆ្នាំ២០២២ ដែលនឹងត្រូវប្រារព្ធឡើងនៅទីក្រុងប៊ូចារេសត៍។ 

 លោក ណេវីន បានអបអរសាទរចំពោះការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសរូម៉ានីនៃសន្និសីទ ITU ដែលនឹងមកធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ខណៈដែលលោកបានជម្រាបជូនគណៈប្រតិភូរ៉ូម៉ានីថា ប្រទេសថៃនឹងបញ្ជូនគណៈប្រតិភូដែលដឹកនាំដោយអនុលេខាធិការអចិន្ត្រៃយ៍នៃក្រសួង DES លោក ណាតាផុន ណាតាសំប៊ូន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីកិច្ចសហប្រតិបត្តិការមួយសម្រាប់ការផ្លាស់ប្តូរទៅជារដ្ឋាភិបាលឌីជីថល កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសេវាកម្មឌីជីថល លេខសម្គាល់ឌីជីថល និងការចែករំលែកទិន្នន័យ ក៏ដូចជាយុទ្ធនាការនាពេលអនាគត ស្តីពីសន្តិសុខសាយប័រ និងការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួន៕ (ប្រភព NNT បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖dara

សារលិខិត អបអរសាទរទិវាអាស៊ាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ ភ្នំពេញថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ សារលិខិត អបអរសាទរទិវាអាស៊ាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២។ 1.ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃដ៏វិសេសវិសាល ខណៈពេលដែលយើងទាំងអស់គ្នាប្រារព្ធខួបលើកទី ៥៥ឆ្នាំរបស់អាស៊ាន ក្នុងនាមជាអង្គការថ្នាក់តំបន់មួយ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នៅលើដំណើរដ៏វែងឆ្ងាយ ដែលបាននាំយើងទាំងអស់គ្នា ខិតចូលកាន់តែកៀកនឹងការសម្រេចបាននូវទស្សនៈវិស័យរបស់យើងក្នុងការកសាងឱ្យបាននូវសហគមន៍អាស៊ានមួយ ដែលយកប្រជាជនជាស្នូល ផ្តោតលើប្រជាជន និងសំលឹងឆ្ពោះទៅមុខទាំងអស់គ្នា ដោយពុំមានបោះបង់ចោលអ្នកណាម្នាក់។
 2.ក្នុងរយៈពេល៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។

 3.ពិតណាស់ថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្នបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាការនាំមកនូវវិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អាស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព។ 4.ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងក្នុងនាមជាសមាជិកដែលចូលក្រោយគេបង្អស់ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការនៃការកសាងសហគមន៍ អាស៊ាន។ ឆ្នាំនេះ កម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣។

 មូលបទនៃភាពជាប្រធានរបស់យើងគឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលមូលបទនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនូវស្មារតីរបស់អាស៊ានផ្អែកលើ “ការរួបរួមគ្នា” ដើម្បីជ្រោង និងលើកកម្ពស់មជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន នៅក្នុងសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ព្រមទាំងដើម្បីជំរុញការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។ 5.អស់រយៈពេលជាពីរឆ្នាំ នៃវិបត្តិជំងឺកូវីដ១៩នេះ អាស៊ាន មានលទ្ធភាពអាចជំនះបាននូវវិបត្តិសកលលោកនេះ ក៏ដូចជាផលប៉ះពាល់នានា ដែលបង្កឡើងដោយវិបត្តិនេះ ទៅលើវិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួន។ អាស៊ានបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់នានានៃវិបត្តិសុខាភិបាលមួយនេះ តាមរយៈការអនុម័តនូវក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីផ្តល់ការការពារអាយុជីវិតរបស់ប្រជាជន និងដើម្បីថែរក្សាស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ច។ 

យើងទាំងអស់គ្នា អាចនិយាយដោយទុកចិត្តបានថា យើងកំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញ នាពេលបច្ចុប្បន្ននេះ។ 6.កម្ពុជាគឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងបានគាំទ្រដល់សន្ទុះនៃការរួមចំណែកយ៉ាងបុរេសកម្មរបស់អាស៊ានចំពោះសន្តិភាពក្នុងតំបន់ និងសកលលោក រួមទាំងតាមរយៈប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួនប្រមាណជិត ៨០០០ នាក់ នៅតាមបណ្តាបេសកកម្មនានារបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនទូទាំងសកលលោក។ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ក៏បានបង្កើនភាពលេចធ្លោររបស់អាស៊ានក្នុងការដោះស្រាយនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះនៃសង្គ្រាម នានាក្នុងទិដ្ឋភាពមនុស្សធម៌ ។ យើងជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏សំខាន់មួយនៃការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក។ 7.កម្ពុជានៅតែបន្តផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់គោលការណ៍ជាសកល នៃកិច្ចសហប្រតិបត្តិការមិត្តភាព និងសន្តិសហវិជ្ជមាន ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ 

បច្ចុប្បន្ន យើងមានរដ្ឋភាគីចំនួន ៤៩ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយភាគីខាងក្រៅកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន និងជាការឆ្លុះបញ្ចាំងអំពីការកើនឡើងនូវសារៈសំខាន់របស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងពិភពលោក។ 8.សម្រាប់អនាគត អាស៊ាននឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះអាចធ្វើបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើងមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ។ 

 9.ទោះជាយ៉ាងណាក៏ដោយ វិបុលភាពនិងកំណើនរយៈពេលយូររបស់អាស៊ាន នឹងត្រូវពឹងផ្អែកលើភាពធន់របស់យើងក្នុងការជម្រុញឡើងវិញនូវការស្តារសេដ្ឋកិច្ច និងកំណើនក្នុងតំបន់។ យើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយភាពទូលំទូលាយនូវគំនិតផ្តួចផ្តើមនានា ដែលមានតាំងពីបរិវត្តកម្មឧស្សាហកម្ម ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ រហូតដល់ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិច។ យើងចាំបាច់ត្រូវជំរុញឱ្យមានសហគមន៍អាស៊ានមួយ ប្រកបដោយភាពសុខដុម និងភាពរស់រវើកជាងមុន តាមរយៈការស្វះស្វែងរកបន្ថែមទៀតនូវកិច្ចការពារពលករទេសន្តប្រវេសន៍ ក៏ដូចជាការបង្កើនបន្ថែមទៀតនូវការគាំទ្រសម្រាប់របៀបវារៈនៃការអភិវឌ្ឍបៃតងប្រកបដោយបរិយាប័ន្ន និងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ យើងគ្មានជម្រើសអ្វីក្រៅពីការពង្រឹងបន្ថែមទៀតនូវបរិវត្តកម្មឌីជីថល ដល់ដំណើរការនានានៃការជំរុញសហគ្រិនភាពយុវជន និងស្រ្តីរបស់យើងនោះទេ។ 10.ការអនុវត្តនូវព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិភាពដ៏សំខាន់មួយ។

អាសិបនឹងជំរុញនូវការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកទាំងមូល។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលជាសមាជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងដែន។ 11.លើសពីនេះទៀត កម្ពុជាមានគោលបំណង ក្នុងការជំរុញបន្ថែមទៀតនូវ ដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់នូវតម្រូវការចាំបាច់ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្តើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ាន ឆ្នាំ២០២៥ រួមទាំងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២២៥ (MPAC 2025) គំនិតផ្តួចផ្តើមសម្រាប់ការធ្វើសមាហរណកម្មអាស៊ាន ដំណាក់កាលទី៤ (IAI Work Plan IV) ជាដើម។

 សារៈសំខាន់ នៃការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នៅតែជារបៀបវារៈមួយដ៏មានសំខាន់ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវទស្សនៈវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីចាប់យកនូវកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងតែមានភាពស្មុគស្មាញឡើង។ 

 12.ងាកមកសកម្មភាពខាងក្រៅរបស់អាស៊ាន ក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូសន្ទនាវិញ អាស៊ានបានបង្កើតឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអូស្រា្តលី និងចិន។ ឆ្នាំនេះ យើងបានបា្ររព្ធខួបលើកទី៣០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងបានកំណត់យកឆ្នាំ២០២២ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា។ យើងបានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើម្បីអបអរសាទខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អាមេរិក ព្រមទាំងបានបេ្តជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងនេះ ឱ្យឈានទៅដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នាខែវិច្ឆិកា ខាងមុខ។ 

យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេសក្នុងឆ្នាំនេះ ខណៈពេលដែលចក្រភពអង់គ្លេសបានក្លាយខ្លួនជាប្រទេសដៃគូសន្ទនាទី១១ របស់អាស៊ាន។ លើសពីនេះទៀត យើងក៏គ្រោងរៀបចំព្រឹត្តិការណ៍រំលឹកខួបផ្សេងទៀត ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានផ្សេងទៀត នាពេលក្រោយក្នុងឆ្នាំនេះ។ 

 13.ចុងក្រោយ អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់យើង។ យើងនឹងលើកកម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបានគោលដៅនៃការកសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ សរុបជារួមមក យើងជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”៕ សម្រួលផ្សាយដោយ៖ dara

អភិបាលខេត្ត ឱ្យមន្ទីរអង្គភាពជុំវិញខេត្ត និង ស្រុក ក្រុងទាំង១១ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព

ចំនួនអ្នកទស្សនា: Views


កណ្តាល :ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ នៅថ្ងៃ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង១១ និងអង្គភាពចំណុះសាលាខេត្ត ត្រូវបន្តខិតខំពង្រឹងលើប្រព័ន្ធការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព តែត្រូវខិតខំដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន ឱ្យមានប្រសិទ្ធភាព កុំគេចវេសពីបញ្ហា សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជំនឿចិត្ត មានភាពកក់ ក្តៅ យល់ថាពេលមានបញ្ហា គឺអាជ្ញាធរតែងតែនៅចាំជួយដោះស្រាយជានិច្ច។ 
ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបង្កលក្ខណៈឱ្យកាន់តែងាយស្រួល ដល់ការងារគ្រប់គ្រងរដ្ឋបាល និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលាឱ្យបានទ្វេដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលនៅសេសសល់កន្លងមកឱ្យអស់ ។ ម្យ៉ាងវិញទៀត ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ត្រូវខិតខំធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ 

 ក្នុងកិច្ចប្រជុំនេះដែរ ក៏បានតម្រូវឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវធ្វើយុទ្ធនាការជំរុញដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមក្នុងការដាំដើមឈើ និងផ្កាចម្រុះនៅតាមដងផ្លូវក្នុងមូលដ្ឋានខ្លួន ដើម្បីសោភណភាព និងលើកកម្ពស់បរិស្ថានស្អាត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធធ្វើត្រូវផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីបញ្ហាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បញ្ឈប់ការបោះសំរាមពាសកាលនៅតាមទីសាធារណៈ ត្រូវលើកទឹកចិត្ត និងណែនាំប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាន និងដាំដើមឈើ ដើមផ្កា និងឈើហូបផ្លែនៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យបានផលផុសផង ដើម្បីប្រែក្លាយបរិស្ថានយើង ឱ្យកាន់ តែស្រស់បំព្រង មានសោភណភាព និងភាពបៃតង។ សូមជម្រាបថា ក្នុងកិច្ចប្រជុំកិច្ចគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ គឺមានរបៀបវារៈសំខាន់ចំនួន ៧ សម្រាប់ធ្វើការផ្សព្វផ្សាយ និង ដាក់ឱ្យអង្គប្រជុំធ្វើការពិនិត្យ និង ពិភាក្សាផងដែរ ៕ ដោយ ណយ នឿន(ប្រភព ៖រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

 


ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញពិនិត្យស្តង់ពិព័រណ៍នានា ដែលរៀបចំសម្រាប់កម្មវិធីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ :ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញពិនិត្យស្តង់ពិព័រណ៍នានា ដែលត្រូវបានរៀបចំសម្រាប់កម្មវិធីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

រូបថត៖ ផែន រតនៈ

សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានថា អាស៊ានកំពុងធ្វើការស្វិតស្វាញដើម្បីបញ្ចប់ក្រមប្រតិបត្តិបញ្ហាសមុទ្រចិនខាងត្បូង

ចំនួនអ្នកទស្សនា: Views





 ភ្នំពេញ :ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីការបទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធថា អាស៊ាន បានកំពុងតែធ្វើការយ៉ាងស្វិតស្វាញដើម្បីបញ្ចប់ក្រមប្រតិបត្តិពីបញ្ហាសមុទ្រចិនខាងត្បូង។ 

 ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងឆ្នាំនេះ យើងក៏សម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ។ ជុំវិញ បញ្ហាវិបត្តិ សុខភាព, យើងក៏អាចងើបចេញពីជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ 

បើនិយាយ អំពីពាណិជ្ជកម្ម និងការវិនិយោគ, យើងបានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (ឬហៅកាត់ថា អាសិប-RCEP)។ សម្តេចតេជោបន្តថា ព្រឹត្តិការណ៍សំខាន់មួយទៀត គឺខួបទី២០ឆ្នាំ នៃសេចក្ដីថ្លែង ការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(DOC) ដែលជាឯកសារ ដ៏សំខាន់ ក្នុងការគ្រប់គ្រង ទំនាក់ទំនងរវាងគ្រប់ភាគី ពាក់ព័ន្ធទាំងអស់នៅ សមុទ្រចិន ខាងត្បូង។

 សម្តេចតេជោបានថ្លែងបញ្ជាក់ថា “យើងក៏ បាន និងកំពុងធ្វើការយ៉ាងស្វិតស្វាញ ផងដែរ ដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ដោយអនុលោមតាមច្បាប់អន្តរជាតិ ដូចជា អនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ (UNCLOS) ផងដែរ”។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បាន

បន្ថែមថា ចំពោះដំណើរការនៃការចូលជា សមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយសម្ដេចមាន សុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ាន បានយ៉ាងយូរនៅ ត្រឹមឆ្នាំក្រោយ៕ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara

សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន បានរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញកសិកម្ម និងជួយរកទីផ្សារជូនកសិករ

ចំនួនអ្នកទស្សនា: Views

 


ខេត្តសៀមរាប ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២​​ សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន ស្ថិតនៅក្នុងស្រុកពួកខេត្តសៀមរាប បានពង្រីកសមាជិករបស់ខ្លួនបានចំនួន១០៤នាក់ នៅក្នុងឆ្នាំ២០២២នេះ ដើម្បីពង្រឹងសមត្ថភាពផលិតផលកសិកម្ម ឱ្យកាន់តែមានគុណភាព និងមានការជឿងជាក់ ពីសំណាក់អតិថិជន ។ លោកស្រី រិន រាន ផ្នែកទីផ្សារនៃសហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន បានឱ្យដឹងថា សហគមន៍នេះ មានសមាជិកចំនួន១០៤នាក់ ក្នុងនោះស្រ្តីចំនួន៨៩នាក់ មកពី០៧ភូមិគោលដៅ ស្ថិតនៅក្នុងឃុំត្រីញ័រ និងឃុំល្វា នៃ
ស្រុកពួក។ លោកស្រីបន្តថាសហគមន៍នេះបង្កើតឡើងក្នុងគោលបំណង ប្រមូលផ្តុំកម្លាំងផលិត និងពង្រឹងសមត្ថភាពផលិតកម្មកសិកម្ម កសិឧស្សាហកម្ម សិប្បកម្មកែច្នៃ សេវាកម្ម ពាក់ព័ន្ធនឹងវិស័យកសិកម្ម លើកកម្ពស់ទិន្នផល បរិមាណ និងគុណ ភាព ការពារតម្លៃផលិតផលកសិកម្ម ដែលប្រជាពលរដ្ឋផលិតបាន ព្រមទាំងលើក កម្ពស់ផលប្រយោជន៍ប្រជានពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសធ្វើការបណ្តុះ បណ្តាលជំនាញនិងបច្ចេក ទេសផ្នែកកសិកម្ម និងជួយរកទីផ្សារជូនសមាជិកនៅ

ក្នុងសហគមន៍ផ្ទាល់តែម្តង។ លោកស្រីបន្តទៀតថា នៅក្នុងសហគមន៍បានធ្វើការបែងជាក្រុម អ្នកដំាបន្លែ ចិញ្ចឹមសត្វ និងក្រុមអ្នកធ្វើវត្ថុអនុស្សាវរីយ៍ផ្សេងៗមានដូចជា កន្រ្តក ជាល ធ្វើពីរពាក់ ផ្ដៅ ឫស្សីជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ គាត់ចូលជាសមាជិកក្នុងសហគមន៍យើងមានបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដាំបន្លែនិងចិញ្ចឹម សត្វ ហើយប្រមូលទិញនិងរកទីផ្សារឱ្យ កាត់បន្ថយការចំណាកស្រុក ដើម្បីកុំឱ្យទៅ ណាឆ្ងាយពីភូមិ នៅពេលដែលគាត់មានការងារ ដូចជាចិញ្ចឹមសត្វ ដាំដំណាំហើយគាត់មិនពិបាកទៅណាឆ្ងាយស្រុកគឺនៅនឹងភូមិហ្នឹងតែម្តង។ សូមបញ្ជាក់ថា សហគមន៍កសិកម្ម

អភិវឌ្ឍន៍រីកចម្រើន បានបង្កើតឡើងតាំងពីឆ្នាំ ២០១៨មក ដោយផ្តើមចេញ ពីក្រុមជួយខ្លួនឯង ចំនួន០៧ ភូមិគោលដៅ ស្ថិតនៅក្នុងឃុំត្រីញ័រ និងឃុំល្វា នៃស្រុកពួក ដោយមានសមាជិកចំនួន ១០៤នាក់ ក្នុងនោះស្រ្តីចំនួន ៨៩នាក់ ហើយសហគមន៍នេះ មានការចុះបញ្ជីទទួល ស្គាល់ពីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត សៀមរាប៕