January 2024 ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នេះ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ដែលកំពុងត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការនាពេលនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម ពោលគឺថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធអាចធ្វើការងារជាមួយគ្នាយ៉ាងល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើមូលដ្ឋាននេះ សម្ដេចសូមលើកទឹកចិត្តអោយក្រុមការងារពិសេសនេះ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងស្មារតីធ្វើការងារជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារដែលបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤៕ ដោយ៖ dara

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែមករា និងដាក់ចេញទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ បានដំណើរការប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា និងដាក់ចេញទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះ ផងដែរ។

      លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា និងទិសដៅអនុវត្តបន្តខែកុម្ភៈឆ្នាំ២០២៤​ព្រមទាំងបានគូសបញ្ជាក់នូវលទ្ធផលសំខាន់ៗ ចំណុចខ្លាំងចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ដែលកើតមានឡើងនាពេលកន្លងមកផងដែរ។

បន្ទាប់មកអង្គប្រជុំ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ដើម្បីបំពេញបន្ថែម នៅលើខ្លឹមសាររបាយការណ៍ និងទិសដៅចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម​ដែលបានលើកឡើង ធ្វើឲ្យរបាយការណ៍និងទិសដៅមានភាពសុក្រិត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំតាមលំដាប់ថ្នាក់តាមឋានានុក្រម របស់កងយោធពលខេមរភូមិន្ទ។

     ឧត្តមសេនីយ៍ទោមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យនិងស្ថាប័នចំណុះ ព្រមទាំងយោធិនគ្រប់រូប ដែលបានខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានតាមផែនការដែលថ្នាក់លើបានប្រគល់ជូន។

      ឧត្តមសេនីយ៍ទោបានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗមួយចំនួន នៃលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៤ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាពេលកន្លងមកថ្មីៗនេះ ដោយបានសង្កត់ធ្ងន់លើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុងនោះមានវិស័យកំណែទម្រង់កងទ័ព ការហ្វឹកហ្វឺនពង្រឹងកងកម្លាំងនិងធនធានមនុស្ស ស្របតាមបច្ចេកវិទ្យា ក្នុងវិស័យការពារជាតិ ការពារបូរណភាពទឹកដី ក្នុងដំណាក់កាលថ្មី និងការគ្រប់គ្រងគ្រឿងបំពាក់យុទ្ឋោបកររបស់កងទ័ព ឲ្យបានល្អ និងខិតខំដោះស្រាយលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ឲ្យកាន់តែប្រសើរឡើង។

       ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដែលបានប្រគល់ជូន នឹងត្រូវគោរពប្រតិបត្តិយ៉ាងមុឺងម៉ាត់តាមច្បាប់លក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរមិន្ទ  បទបញ្ជា និងលិខិតបទដ្ឋាននានា ដែលថ្នាក់លើបានដាក់ចេញ ឲ្យទទួលបានជោគជ័យ ហើយត្រូវប្តេជ្ញាចិត្តដាច់ខាតថែរក្សាឲ្យបានសុខសន្តិភាព ដែលយើងរកបានដោយលំបាកនេះ ឲ្យនៅគង់វង្សឋិតថេរជារៀងរហូត។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

ពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់គណៈប្រតិភូក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ :ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នាល្ងាចថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន ចូលជួបសម្តែងការគួរសម និងសំណេះសំណាល ទទួលយកអនុសាសន៍ល្អៗ ដោយមានការចូលរួមផងដែរពី ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ក្នុងពិធីសំណេះសំណាលនាល្ងាចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យស.ក.ដ. ដែលបានប្រឹងប្រែងហ្វឹកហាត់រហូតដណ្តើមបានជ័យលាភី ក្នុងការប្រកួតបាល់ទាត់យកពានរង្វាន់ “មិត្តភាពយុវជន ស.ស.យ.ក អន្តរក្រសួង-ស្ថាប័ន” ប្រចាំឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យកីឡាករគ្រប់រូបបន្តយកចិត្តទុកដាក់ហ្វឹកហាត់បន្ថែមទៀត សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ព្រមទាំងបង្កើននូវសាមគ្គីភាព មិត្តភាព និងភាពស្និតស្នាល ពីស្ថាប័នមួយ ទៅស្ថាប័នមួយ តាមរយៈការហ្វឹកហាត់ និងការលេងនូវកីឡាមួយនេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ទំនុកបំរុង និងលើកទឹកចិត្តក្នុងគ្រប់រូបភាព ដល់កីឡាករ និងគ្រូបង្វឹកគ្រប់រូប ដើម្បីឱ្យការហ្វឹកហាត់កាន់មានប្រសិទ្ធិភាព និងលទ្ធផលគាប់ប្រសើរបន្តទៀត ពិសេសគឺត្រូវមានរៀបចំផែនការសកម្មភាពទុកជាមុនឱ្យបានច្បាស់លាស់ មុននឹងចូលរួមការប្រកួតមួយលើកៗ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ការងារស្នូលដែលត្រូវបំពេញ។

សូមរម្លឹកដែរថា ក្រុមបាល់ទាត់យុវជនស.ស.យ.ក. វិស័យស.ក.ដ. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយបានចូលរួមការប្រកួតមិត្តភាព និងប្រកួតដណ្តើមពានរង្វាន់ផ្សេងៗជាហូរហែ។ ក្រុមបាល់ទាត់នេះ ដំណើរការបានយ៉ាងរលូន គឺដោយសារមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ តាំងពីដើមរៀងមក ហើយបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងគ្រប់អង្គភាពក្រោមឱវាទក្រសួង ក៏នៅតែបន្តជួយឧបត្ថម្ភគាំទ្រក្នុងគ្រប់រូបភាពផងដែរ៕ ដោយ៖ dara

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មអះអាងថា ឆ្នាំ២០២៤ គ្រប់ការផ្តល់សេវាកម្មនឹងប្រើប្រាស់តាមប្រព័ន្ធអនឡាញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ក្រសួងនឹងជំរុញរាល់ការផ្តល់សេវាផ្សេងៗរបស់ក្រសួងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ពោលគឺរៀបចំតាមប្រព័ន្ធអនឡាញទាំងអស់។

ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

ការថ្លែងអះអាងបែបនេះរបសលោករដ្ឋមន្ត្រី គឺក្នុងឱកាសដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីពេលថ្មីៗនេះ  នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការលើកឡើងនេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលជំរុញឲ្យគ្រប់ស្ថាប័នជាតិទាំងអស់រុញការផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល។

ទាក់ទងការៀបចំការផ្តល់សេវាតាមអនឡាញ បើតាមលោករដ្ឋមន្រ្តី ក្រសួងបានបង្កើតច្រកចេញចូលតែមួយ One stop service window ក្នុងន័យបម្រើការផ្តល់សេវាឲ្យបានឆាប់រហ័ស មានប្រសិទ្ធភាព កាត់បន្ថយចំណាយពេលវេលារបស់អ្នកប្រើប្រាស់។

លោករដ្ឋមន្រ្តីអះអាងថា សេវាសាធារណៈជាតម្រូវការចាំបាច់របស់វិស័យឯកជន ដែលចាំបាច់ស្ថាប័នជាតិត្រូវបន្តសម្រួលឆ្លើយតបតាមបរិបទនៃបច្ចេកវិទ្យា និងស្ថានភាពនៃប្រកួតប្រជែងនាពេលបច្ចុប្បន្ន។​

សូមបញ្ជាក់ថា ការៀបចំវេទិកាខាងលើ គឺធ្វើឡើងដោយមានកិច្ចសហការ និងគាំទ្រពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរទាក់ទងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្តង់ដារនិងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងនិងទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវពិសោធន៍និងការអភិវឌ្ឍបច្ចេកវិទ្យា។​

វាគ្មិនអញ្ជើញចូលរួមវេទិការនេះ គឺលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ពុយ គា ប្រធានក្លឹបអ្នកកាសែត ជាអ្នកសម្របសម្រួល៕ 

ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈ តាមវគ្គបណ្តុះបណ្តាលនានា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយសមាគមអ្នកសារព័ត៌មានសកលសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនេះ ពីគុណតម្លៃនៃការគោរពវិជ្ជាជីវៈសារព័ត៌មានដែលអ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងគុណតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន។

ឯកឧត្តម បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន សូមបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការសិក្សាជំនាញវិជ្ជាជីវៈតាមវគ្គបណ្តុះបណ្តាលនានា និងការស្វ័យសិក្សា ព្រមទាំងគោរពក្រមសីលធម៎វិជ្ជាជីវៈឱ្យបានត្រឹមត្រូវពេលអនុវត្តការងារ»។

បន្ថែមពីលើនេះ ក្រសួងព័ត៌មានបន្តគាំទ្រ និងចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈការបញ្ជូននូវវាគ្មិនចំណានចូលរួមជាគ្រូឧទ្ទេស បន្ថែមពីអ្វីដែលក្រសួងបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល តាមរយៈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន៕  រូបថត៖ ខឹម សុវណ្ណារ៉ា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ :នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សូមជម្រាបថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌

ចំនួនអ្នកទស្សនា: Views

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ប្រមាណ ១៨០ រូប ដើម្បីបញ្ជាក់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ 

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូននៅក្នុងកិច្ចប្រជុំនេះអំពីតួនាទីរបស់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌នៅក្នុងយុទ្ធនាការទាំង ២ របស់ក្រសួង ដែលនឹងត្រូវចូលរួមជួយការពារក្តីជូនប្រជាពលរដ្ឋដែលបានស្នើសុំជំនួយមេធាវីតាមរយៈយុទ្ធនាការទាំង ២ នេះផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

 ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។

ជាមួយគ្នានេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវការអរគុណចំពោះការសម្តែងនូវឆន្ទៈរបស់ក្រុមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ទាំងអស់ ក្នុងការចូលរួមអនុវត្តយុទ្ធនាការទាំង ២ ដែលត្រូវបានប្រកាសដាក់ចេញដោយក្រសួងយុត្តិធម៌ តាមរយៈការស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋ ជាពិសេស ការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ក្នុងបុព្វហេតុនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

 បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមេធាវីទីប្រឹក្សាទាំងអស់ផងដែរថា ការជួយដល់ប្រជាជន ជាពិសេស ប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់។

សូមបញ្ជាក់ជូនផងដែរថា គណៈបញ្ជាការដឹកនាំយុទ្ធនាការនឹងធ្វើការផ្សព្វផ្សាយនូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលស្ម័គ្រចិត្តចូលរួមក្នុងការអនុវត្តយុទ្ធនាការទាំង ២ នេះ ជូនដល់សាធារណជន នាពេលឆាប់ៗខាងមុខនេះ។