November 2024 ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55
សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់អង្គប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) យ៉ាងដូច្នេះថា ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែផ្ដោតទៅលើការកសាងសន្តិភាព ហើយកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ។

គួរជម្រាបថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលធ្វើឡើងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Grand Hotel d'Angkor ខេត្តសៀមរាប។

នាឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាក្នុងនាមជាប្រទេសតូចមួយ ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះទាមទារឱ្យយើងខិតខំពង្រឹងភាពធន់របស់ខ្លួន ក្នុងផ្នែកសន្តិសុខនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌។ ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាបានរងគ្រោះអស់ជាច្រើនទសវត្សរ៍ក្នុងសង្គ្រាមស៊ីវិល ប៉ុន្តែកម្ពុជាបានគ្រប់គ្រងនិងស្តារសន្ដិភាពពេញលេញឡើងវិញ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ និងទទួលបានវិបុលភាពរហូតមកដល់បច្ចុប្បន្ន តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្ដីពីពិភពលោកមួយគ្មានមីន នាសប្ដាហ៍ក្រោយនេះ គឺជាសក្ខីភាពដែលស្ដែងឱ្យឃើញការងើបឡើងវិញកាន់តែរឹងមាំនិងធន់ជាងមុនរបស់កម្ពុជា ពីប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមទៅជាប្រទេសឈានមុខនៅក្នុងបុព្វហេតុសន្តិភាព ដោយត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសសកម្មបំផុតមួយក្នុងវិស័យបោសសម្អាតមីន និងជាប្រទេសដែលខិតខំតស៊ូមតិដើម្បីសកម្មភាពមីន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងកំពុងសង្កេតឃើញការលេចឡើងនៃនិន្នាការពហុប៉ូលនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលត្រូវបានរុញច្រានដោយកត្តាផ្សេងៗ ក្នុងនោះរួមមាន៖ សកលភាវូបនីយកម្ម ភាពជឿនលឿននៃបច្ចេកវិទ្យា ការកែប្រែសម្ព័ន្ធមិត្ត និងការកើនឡើងនៃក្រុមសេដ្ឋកិច្ចកំពុងលូតលាស់។ លក្ខណៈសម្គាល់នៃសណ្ដាប់ធ្នាប់ពិភពលោកក្នុងសតវត្សទី២១នេះ គឺជារូបភាពចម្រុះនៃតួអង្គ ភាពចម្រុះនៃអរិយធម៌និងវប្បធម៌ ដែលសុទ្ធតែមានដែនឥទ្ធិពលរៀងៗខ្លួន។ និយាយមួយបែបទៀត នេះជាពិភពលោកដែលមានភាពប្រទាក់ក្រឡាគ្នា និងការពឹងពាក់គ្នាទៅវិញទៅមក។ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ យើងស្វាគមន៍នូវភាពចម្រុះនៃអរិយធម៌ និងពហុភាគីនិយម។

នៅក្នុងសហគមន៍ពិភពលោក យើងគោរពនូវទម្រង់ផ្សេងៗនៃអភិបាលកិច្ចនយោបាយនិងស្ថាប័ន បូករួមទាំងទម្រង់ផ្សេងៗគ្នានៃលទ្ធិប្រជាធិបតេយ្យ។ កម្ពុជាដែលធ្លាប់មានអរិយធម៌បុរាណដ៏រុងរឿង ដោយធ្លាប់តភ្ជាប់ផ្លូវពាណិជ្ជកម្មអាស៉ី បច្ចុប្បន្នកំពុងក្លាយជាអ្នកសាងសង់ស្ពានក្នុងយុគសម័យទំនើប តាមរយ​ៈការពង្រឹងសន្តិសុខ និងការតភ្ជាប់ពិភពលោក។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងមានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ព្រមទាំងរួមគ្នាជាមួយនឹងប្រទេស និងគណបក្សនយោបាយដែលមានផ្នត់គំនិតដូចគ្នា គាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។ ជាមួយនឹងប្រវត្តិសាស្ត្រកន្លងមក សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូលនៃទស្សនវិជ្ជានយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលខិតខំកសាងសង្គមមួយប្រកបដោយសុខដុម ការអត់ឱន និងបរិយាប័ន្ន ដែលប្រជាជនរបស់យើង។ ទោះបីជាកើតចេញពីស្រទាប់សង្គមផ្សេងគ្នា ឬមាននិន្នាការនយោបាយខុសគ្នាក៏ដោយ ក៏នៅតែអាចរស់នៅចុះសម្រុងគ្នាបាន និងជាសង្គមដែលអាចដោះស្រាយភាពខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា ដោយមិនងាកទៅប្រកាន់យកនយោបាយជ្រុលនិយម ប្រជានិយម និងវប្បធម៌ហិង្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទទួលស្គាល់ថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិបានដើរលើផ្លូវវែងឆ្ងាយ មុននឹងក្លាយជាសហគមន៍ស្នូលមានការទទួលស្គាល់ជាសកល ដោយគណបក្សនយោបាយចំនួន១០៩ មកពី៨៣ប្រទេស ដែលគណបក្សនយោបាយទាំងអស់នេះសុទ្ធសឹងតែមានឫសគល់នៅក្នុងប្រពៃណីនៃលទ្ធិប្រជាធិបតេយ្យ និងគ្រិស្តសាសនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ក្នុងនាមជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ គណបក្សប្រជាជនកម្ពុជាបានចូលរួមចំណែកប្រកបដោយមោទនភាពចំពោះការអភិវឌ្ឍ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបានរឹងមាំនៅក្នុងតំបន់ យើងបានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្ដួចផ្ដើមនយោបាយផ្សេងៗរបស់តំបន់ និងសកល ដោយប្រើប្រាស់នូវបទពិសោធរបស់យើងផ្ទាល់ក្នុងការកសាងសន្តិភាព និងការផ្សះផ្សារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព។ ជារួម យើងគ្រាន់តែស្វះស្វែងរកការរស់នៅប្រកបដោយសុខសន្តិភាព ការរីកចម្រើនក្នុងឋានៈជារដ្ឋអធិបតេយ្យដែលមានឯករាជ្យ និងបូរណភាពទឹកដី។ គណបក្សប្រជាជនកម្ពុជារួមជាមួយនឹងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ពិតជាមានមោទនភាពក្នុងការដោះស្រាយនូវបញ្ហាប្រឈមនៅតាមតំបន់ និងការលើកកម្ពស់និងការខិតខំប្រឹងប្រែងកសាងសន្តិភាពតាមគុណតម្លៃ និងគោលការណ៍ប្រជាធិបតេយ្យស្នូលរបស់អង្គការ CDI។

សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការ CDI មានសមាជិកជាង១០៩គណបក្ស មកពី៨៣ប្រទេស ដែល​មាន​មនោគម​វិជ្ជានយោបាយនិយមកណ្តាលមកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ី​ប៉ាស៊ីហ្វិក។ ចំពោះគណបក្សប្រជាជនកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែ​កក្កដា ឆ្នាំ២០១៨ ចំនួន៣អាណត្តិមកហើយ៕


អភិបាលរាជធានីភ្នំពេញ ជិះកាណូតដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ចុះពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សម្តេចបវរធិបតីបានបង្ហោះសារមានខ្លឹមសារដូច្នេះថា «ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»។

សូមជម្រាបថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕