(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ អាគារ និងសមិទ្ធិផលសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្ត។
លោកឧបនាយករដ្ឋមន្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យរបស់កម្ពុជា ដោយសារតែយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និងប្រជាជន តាមរយៈ គោលនយោបាយឈ្នះឈ្នះ ដែលមកទល់ពេលនេះមានរយៈពេល២៥ឆ្នាំហើយ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា គោលនយោបាយឈ្នះឈ្នះ បាននាំប្រទេសជាតិចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញនូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ បានគូសបញ្ជាក់ថា ដោយឈរលើមូលដ្ឋានដ៏រឹងមាំនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ រួមមាន៖
ទី១៖ ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម
ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ រួមមាន៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្សនិងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លើសពីនេះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ និងវិធានការគន្លឹះចំនួន៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ចំពោះសមិទ្ធិផលអគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឱ្យឃើញពីការវិវត្ត ផ្លាស់ប្តូរទីកន្លែងធ្វើការកាន់តែសមរម្យសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករដែលពីមុនគយគ្មានកន្លែងធ្វើការល្អដូច្នេះទេ។
ជាមួយគ្នានេះ បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រម៤ប្រការ រួមមាន៖
ទី១៖ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ
ទី២៖ អនុវត្តការងារជាក្រុម
ទី៣៖ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម
ទី៤៖ មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន៕
0 Comments:
kkkShare This
Post a Comment