(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ដើម្បីឱ្យអនុវត្តកិច្ចការងារកាន់តែល្អប្រសើរ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួង។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងថា សម្រាប់ការពង្រឹង និងពិនិត្យលើវឌ្ឍនភាពការងារអនុវត្តកន្លងមក ឃើញមាននវានុវត្តន៍ល្អប្រសើរ ទាំងធនធានមនុស្ស កិច្ចការរដ្ឋបាល និងកិច្ចការរៀបចំពិនិត្យឡើងវិញ ដោយធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាននានានៃវិស័យសុខាភិបាល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តចេះជួយគ្នា សាមគ្គីសហការគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអនុលោមទៅតាមគោលនយោបាយជាតិ។
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ និងអគ្គាធិការរង លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានគ្រប់អង្គភាពថ្នាក់កណ្តាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងលោកនាយកសាលាមធ្យមសិក្សាភូមិភាគទាំង៤ផងដែរ៕
0 Comments:
kkkShare This
Post a Comment