(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក Takahashi Fumiaki និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិ និងការងារអាទិភាពរបស់ក្រសួង។
លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Takahashi Fumiaki និងគណៈប្រតិភូ និងបានជម្រាបជូនអំពីការងារអាទិភាព របស់ក្រសួងដែលរួមមាន៖ (១) ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់បង្គោលអង់តែនបន្ថែម (២) ការលើកកម្ពស់រដ្ឋាភិបាលឌីជីថល នៅតាមគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល (៣) ការលើកកម្ពស់អក្ខរកម្មឌីជីថល ទៅដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជា។
លោក Takahashi Fumiaki បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបប្រជុំជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។
លោក Takahashi Fumiaki ក៏បានជម្រាបជូនពីឯកទេសពិសេសរបស់ក្រុមហ៊ុនជប៉ុន ពាក់ព័ន្ធនឹងការផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែលក្នុងនោះមានសមាជិករបស់សមាគម ដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រមទាំងក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មីសាងសង់ផ្លូវថ្នល់ ដោយប្រើដីលាយបេតុង ដោយកាត់បន្ថយចំណាយប្រហែល៦០% បើធៀបនឹងផ្លូវបេតុងសុទ្ធ។
គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់បន្ថែមថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។
លោករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍លើការសាងសង់ផ្លូវ ដោយបច្ចេកវិទ្យាថ្មី និងចុះពិនិត្យការសាងសង់ផ្លូវគំរូនៅខេត្តតាកែវ ដែលបាននិងកំពុងសាងសង់ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុនផ្នែកបច្ចេកវិទ្យា ឱ្យសិក្សាបង្កើតកិច្ចសហការជាមួយសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា លើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឬក្រុមហ៊ុនអាចបើកសាលាបណ្តុះបណ្តាលខ្លួនឯង ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងគាំទ្រ ដើម្បីអាចមានលទ្ធភាពទទួលបានជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សមាគម ជួយជំរុញនិងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន មកបោះទុនវិនិយោគនៅកម្ពុជា៕
0 Comments:
kkkShare This
Post a Comment