(ប៉ារីស, ស្វីស)៖ នៅវេលាម៉ោងប្រមាណជា៨យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង២ទៀបភ្លឺថ្ងៃទី១៨ ខែមករា ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព។
ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធីការរបស់បារាំង ព្រមទាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសបារាំង តបតាមការអញ្ជើញរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំងផងដែរ៕
0 Comments:
kkkShare This
Post a Comment