ឧបនាយករដ្ឋមន្ដ្រី ស សុខា ជំរុញការអភិវឌ្ឍវិស័យបាល់ទះឆ្នេរខ្សាច់ឲ្យរីកចម្រើនដូចបាល់ទះក្នុងសាល ~ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍
សូមស្វាគមន៍ គេហទំព័រ ជ្រៃកោង ប៉ុស្តិ៍ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

សូមស្វាគមន៍ WWW.CHREY KORNG POST.COM មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាង (នាង ទី)ទូរស័ព្ទ:លេខ 097 660 6609 / 092 95 46 55

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្ដ្រី ស សុខា ជំរុញការអភិវឌ្ឍវិស័យបាល់ទះឆ្នេរខ្សាច់ឲ្យរីកចម្រើនដូចបាល់ទះក្នុងសាល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ស្របពេលកីឡាបាល់ទះក្នុងសាលកម្ពុជា កំពុងរីកចម្រើន និងបានសាងកំណត់ត្រាថ្មី ២ឆ្នាំជាប់គ្នា តាមរយៈការដណ្ដើមបានមេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានជំរុញឲ្យយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍវិស័យបាល់ទះឆ្នេរខ្សាច់ ដើម្បីភាពរីកចម្រើន និងឈានទៅដណ្ដើមមេដាយជូនជាតិដូចគ្នា នាថ្ងៃអនាគត។

ការជំរុញនេះ ស្របពេលលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរខ្សាច់ កម្រិត (គ ឬ C) នៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការសិក្សារយៈពេល ៤ថ្ងៃកន្លងមក នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនផងដែរ។

ប្រធានសហព័ន្ធខាងលើ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទះកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅការរីកចម្រើននាពេលខាងមុខ។ វគ្គនេះក៏បានរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ដែលជាការងារដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញតាមរយៈក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងទៅផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យកីឡា ឬសហព័ន្ធកីឡាជាតិឲ្យទទួលបានជោគជ័យ ចាំបាច់ក៏ត្រូវមានការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ដើម្បីធានាបាននូវសុក្រឹតភាព នៃការប្រកួត និងការអភិវឌ្ឍ ពិសេសសម្រួចទិសដៅបន្ដ គឺការយកចិត្តទុកដាក់ ចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ដែលទាមទារត្រូវពង្រឹងសមត្ថភាព ទាំងបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ ជាពិសេសត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងស្មារតីកីឡាករ-កីឡាការិនី។

លោកបន្ដថា «វិស័យបាល់ទះក្នុងសាលរបស់យើងបច្ចុប្បន្ន ខ្ញុំគិតថា មានភាពរីកចម្រើន តែបាល់ទះឆ្នេរខ្សាច់ ស្ថិតក្នុងកម្រិតមួយ មិនទាន់មានភាពខ្លាំង ជាក់ស្ដែងកីឡាកររបស់យើង នៅតែខ្លាច មិនទាន់មានភាពក្លាហានគ្រប់គ្រាន់ ដែលជឿជាក់លើខ្លួនឯងថា អាចយកឈ្នះគេបាន។ ខ្ញុំចាំបានថា ស៊ីហ្គេម-២០២៣ ដែលយើងរៀបចំនៅព្រះសីហនុ ខ្ញុំសង្កេតឃើញកីឡាករយើង នៅតែខ្លាច ចាញ់ច្រាបគេ មានអារម្មណ៍មួយ នៅតែគេខ្លាំងជាង។ នេះគឺជាកាយវិការមួយ ដែលត្រូវយកចិត្តទុកដាក់ និងពង្រឹងឲ្យបានខ្លាំង»។

ក្រោយទទួលបានការណែនាំនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានចាត់ទុកជាការទូងស្គរ ដើម្បីពន្ញាក់ស្មារតីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ក្នុងការពួតដៃគ្នាពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យកីឡាបាល់ទះឆ្នេរខ្សាច់កម្ពុជា ដ្បិតបច្ចុប្បន្នលើពិភពលោក បាល់ទះឆ្នេរខ្សាច់ មានប្រជាប្រិយជាងបាល់ទះក្នុងសាល ព្រោះជាកីឡាទេសចរណ៍ ដែលមានកម្មវិធីប្រកួតច្រើនរៀងរាល់ឆ្នាំ។ ដូច្នេះលោកសង្ឃឹមថា នឹងមានការប្រកួតបាល់ទះឆ្នេរខ្សាច់ទៀងទាល់នៅកម្ពុជាដូចគ្នា ចាប់ពីឆ្នាំ២០២៤ តទៅ។

សម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកីឡាបាល់ទះឆ្នេរខ្សាច់ កម្រិត (គ ឬ C) ខាងលើវិញ គឺបានដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២-៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុប ៦៥នាក់ មកពីបណ្ដាស្ថាប័ន សមាគម/ក្លិប និងរាជធានី-ខេត្ត។ ជាលទ្ធផល គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ១៧នាក់, និទ្ទេសល្អបង្គរ ២១នាក់ និងនិទ្ទេសមធ្យម ២៧នាក់៕

0 Comments:

Post a Comment